ហាត់ប្រាណ​ពេល​មាន​ផ្ទៃពោះ ធ្វើឱ្យ​កូន​រហ័សរហួន​

 ជាការ​ពិតណាស់​ស្ត្រី​ភាគច្រើន​ចាប់ផ្តើម​មាន​ភាព​ទម្រន់​នៅពេល​មាន​ទម្ងន់ ដោយ​ភាគច្រើន​ពួកគេ​ចូលចិត្ត​ចំណាយពេល​ទៅលើ​ការ​ញ៉ាំ និង គេង​។ ក៏ប៉ុន្តែ​អ្នកជំនាញ​ជាច្រើន​អ្នក​មកហើយ​បាន​និយាយថា ការហាត់​ប្រាណ​បន្តិចបន្តួច​នៅពេល​មាន​ផ្ទៃពោះ អាចជួយ​ម្តាយ​នៅពេល​សម្រាល​។ នៅ​ថ្ងៃ គេ​បាន​រកឃើញ​របកគំហើញ​ថ្មី​មួយ​ទៀតថា វា​មិន​ត្រឹមតែ​ជួយ​ដល់​ម្តាយ​ក្នុងការ​សម្រាល​តែប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​ដល់​ទារក​ក្នុង​ផ្ទៃ​ថែម​ទៀតផង​។​

​ដើម្បី​ស្វែងរក​ភាពខុសគ្នា​រវាង​ទារក​ដែល​ម្តាយ​មិនបាន​ហាត់ប្រាណ​ពេល​មាន​ផ្ទៃពោះ និង ម្តាយ​ដែល​បាន​ហាត់ អ្នកវិទ្យាសាស្ត្រ​មកពី Baylor College of Medicine នៅ Houston បាន​យក​សត្វ​កណ្តុរ​ដែលមាន​ពូជ​អំបូរ​តែមួយ​មក​ធ្វើការ​ពិសោធន៍​។ សត្វ​កណ្តុរ​ទាំងនោះ ត្រូវបាន​បែងចែក​ទៅជា​២​ក្រុម ដោយ​ពាក់កណ្តាល​យកទៅដាក់​ក្នុង​ទ្រុង​ដែលមាន​កង​វិល​សម្រាប់​រត់ និង ពាក់កណ្តាល​ទៀត​យកទៅដាក់​ក្នុង​ទ្រុង​ដែល​អត់​មាន​។​

​សត្វ​កណ្តុរ​ដែល​នៅក្នុង​ទ្រុងមាន​កង បាន​រត់​បាន​ចម្ងាយ​ជា​មធ្យម​៩.៦​គីឡូម៉ែត្រ​ក្នុង​មួយ​យប់​។ តែ​នៅពេល ពួកវា​មានកូន​ក្នុង​ពោះ ពួកវា​រត់​បាន​ចម្ងាយ​ត្រឹមតែ ៣.២​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​។ កូន​ដែល​កណ្តុរ​មួយក្រុម​នោះ​បង្កើត​មក មាន​ភាពរហ័សរហួន ៥០% ជាង​កូន​ដែល​បង្កើត​ដោយ​ក្រុម​កណ្តុរ​មិនមាន​កង​រត់​។

​អ្នកវិទ្យាសាស្ត្រ​ដែលជា​មេក្រុម លោក Robert Waterland និយាយថា​៖ “​ទោះបីជា​មនុស្ស​ភាគច្រើន​គិតថា ភាពស្វាហាប់​រហ័សរហួន​បានមកពី​កត្តា​សែន​ពី​កំណើត តែ​ការសិក្សា​របស់​យើង​បានបង្ហាញ​មក​យ៉ាងច្បាស់​ថា កត្តា​បរិយាកាស​ជុំវិញ​ក៏​ដើរតួ​មួយ​យ៉ាងសំខាន់​ដែរ​ក្នុងការ​វិវត្តន៍​របស់​ទារក​នៅក្នុង​ផ្ទៃ​។​”

​ប្រសិនបើ​លោកអ្នក​ចង់​ឲ្យ​បុត្រ​ធីតា​របស់លោក​អ្នក​កើត​មក​មាន​ភាពរហ័សរហួន​និង​វាងវៃ​នោះ លោកអ្នក​គួរតែ​ឲ្យ​ពួក​ទម្លាប់ខ្លួន​ទៅនឹង​ការរស់នៅ​ដែល​ពោរពេញ​ដោយ​ភាព​សកម្ម និង ស្វាហាប់​។ អ្នក​ម្តាយ​គ្រប់រូប​គួរ​គប្បី​ធ្វើ​សកម្មភាព​ហាត់ប្រាណ​បន្តិចបន្តួច​នៅពេល​មាន​ទម្ងន់​។ គ្រាន់តែ​ដើរ​ចុះ​ដើរ​ឡើង និង ធ្វើ​លំ​ហាត់ប្រាណ​បន្តិចបន្តួច​ក៏​អាចជួយ​ដល់​អនាគត​របស់​កូនលោក​អ្នក​ដែរ​៕



Previous Post Next Post