វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ១ លាន​ដូ​ស​ទៀត​បាន​ដឹក​មកដល់​កម្ពុជា

 ភ្នំពេញ​៖ វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ចំនួន ១ លាន​ដូ​ស​បន្ថែមទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ចិន​បាន ដឹក​មកដល់​កម្ពុជា​ហើយ​នៅវេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​បើតាម​ការបញ្ជា​ក់រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​០១ ខែកក្កដា បាន​ថ្លែង​ឲ្យ​ដឹងថា​ក្នុង​ខែកក្កដា នេះ វ៉ាក់សាំង​ពី​ប្រទេស​ចិន​នឹង​មក ដល់​កម្ពុជា​ចំនួន​៥​លាន​ដូ​ស​។ ក្នុងនោះ​នៅ​ថ្ងៃទី​៦ ខែកក្កដា​ចំនួន ១​លាន​ដូ​ស ។នៅ​ថ្ងៃទី​១០ ខែកក្កដា​មកដល់​ចំនួន​៤​លាន​ដូ​សក្នុងនោះ១​លាន​ដូ​ស​ជា​ស៊ី​ណូ​ហ្វា​មហើយ ​៣​លាន​ដូ​ស​ជា​ស៊ី​ណូ​វ៉ា​ក់ ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ចិន ។​

​ដោយឡែក​នៅ​ខែសីហា​ខាងមុខនេះ​កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន ៤ ​លាន​ដូ​ស​បន្ថែមទៀត​។​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​ក្នុង​ខែកក្កដា​និង​ខែសីហា នេះ​គឺជា​ចំនួន​វ៉ាក់សាំង​គម្រប់​ជាង ២០​លាន​ដូ​ស​ដែល​បានកំណត់​ក្នុង​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការរក​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​។​

គិត​ត្រឹម​ថ្ងៃទី ៦ កក្កដា នេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប ១២,០២៤,០០០ រួចហើយ​ភាគច្រើនបំផុត​ជា​វ៉ាក់សាំង​ជំនួយ​និង​ទិញ​ពី​ប្រទេស​ចិន ។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ​រួមមាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​(Sinopharm)​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ២,២ លាន​ដូ​ស​,​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ២ លាន​ដូ​សទិញ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​,​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ទិញ​ពី​ប្រទេស​ចិន​ចំនួន ៧,៥ លាន​ដូ​ស​និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​(Astra Zeneca)​ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax Facility) តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន​៣២៤,០០០​ដូ​ស ។

​គិត​ត្រឹម​ថ្ងៃទី​០៥​ខែកក្កដា​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ជនបរទេស​នៅ​កម្ពុជា​បាន​ចំនួន​ជាង​៤,៥៩៩,៦៤៨​នាក់​ហើយ​ស្មើនឹង ៤៦​ភាគរយ​នៃ​ចំនួន​ប្រជា ពលរដ្ឋ​ត្រូវ​ចាក់​វ៉ាក់សាំង ១០ លាន​នាក់​។​ក្នុងនោះ​អ្នក​ចាក់​ដូ​ស​ទី​២ មាន​ចំនួន ៣,៣២៩,៧៣០ នាក់ ។​

​ទោះបី​យ៉ាងនេះ​ក៏ដោយ​គិត​ត្រឹម​ថ្ងៃទី​៥​ខែកក្កដា​២០២១​កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​ចំនួន ៥៥,១៨៧ នាក់​ក្នុងនោះ​អ្នកជំងឺ​នាំចូល​ពី​ក្រៅប្រទេស​មាន​ចំនួន ៣,៣៤០​នាក់​,​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៧,៣៨៦ នាក់ និង​មាន​អ្នកស្លាប់​រហូតដល់​ទៅ ៧៤៨ នាក់ ។ កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា​ស្តិ​ត​ក្នុង​លំដាប់​ទី​៧ ក្នុង ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដែលមាន​អ្នក​ឆ្លង​ខ្ពស់ជាង​ប្រទេស​វៀតណាម ឡាវ និង​ប្រ៊ុយណេ​តែ​នៅក្រោម សិង្ហ​បុរី ភូមា ថៃ ម៉ាឡេស៊ី ហ្វី​លិ​ពី​ន និង​ឥ​ណ្តូ នេ​ស៊ី​។​ចំនួន​អ្នកស្លាប់​វិញ​គឺជា​ប់​ចំណាត់ថ្នាក់​ទី​៦ នៅក្នុង​តំបន់ ដែលមាន​អ្នកស្លាប់​ដល់​ទៅ ៧៤៨ នាក់​ខ្ពស់ជាង​សិង្ហ​បុរី​ដែលមាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់ជាង​កម្ពុជា​តែ​សិង្ហ បុរី​ស្លាប់​តែ​៣៦​នាក់​ប៉ុណ្ណោះ ៕



Previous Post Next Post