ម្ចាស់​សត្វ​តោ ជនជាតិ​ចិន ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ដែល​អនុញ្ញាត​ឲ្យ​យក​មក​ចិញ្ចឹម​នៅផ្ទះ​វិញ

 រាជធានី​ភ្នំពេញ ៖ សត្វ​តោ ឈ្មោល​មួយ​ក្បាល ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ទី​៤ កក្កដា ២០២១​នេះ ដោយ​សម្រេច​អនុញ្ញាត​ឲ្យ​យក​ទៅ​ចិញ្ចឹម​នៅផ្ទះ​វិញ និង​តម្រូវ​ឲ្យ​ធ្វើ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​នោះ ម្ចាស់​សត្វ​តោ ជា​ជនជាតិ​ចិន បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ និង​សុំ​ជូនពរ​អោយ​កម្ពុជា និង​ចិន ជា​មិត្ត​ដែកថែប​ជា​រៀង​រហូត ។

គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ Qi Xiao ប្រហែលជា​ម្ចាស់​នៃ​សត្វ​តោ បាន​សរសេរ​ថា «​ជាបឋម សូម​ថ្លែងអំណរគុណ​យ៉ាង​ខ្ពង់ខ្ពស់​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​នេះ ។ ហើយ​ក៏​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ផង​ដែរ និង​ពុក​ម៉ែ​បងប្អូន​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​ជួយ និង​គាំទ្រ​ដល់ “​ហ៊ី​ម៉ា​” ឈ្មោះ​របស់​សត្វ​តោ របស់​យើងខ្ញុំ​ផង​ដែរ ធ្វើ​អោយ​ខ្ញុំបាទ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា យ៉ាង​មាន​អារម្មណ៍​កក់ក្តៅ ជា​ចុង​ក្រោយ សុំ​ជូនពរ​អោយ​កម្ពុជា និង​ចិន ជា​មិត្ត​ដែកថែប​ជា​រៀង​រហូត​» ។

បន្ថែម​លើ​នេះ សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ទៅ​ម្ចាស់​សត្វ​តោ ជា​ជនជាតិ​ចិន ដែរ​ថា «Qi Xiao ប្រហែល​លោក​ជា​ម្ចាស់ នៃ​សត្វ​តោ​ដែល​ខ្ញុំ​គួរតែ​បញ្ជាក់​ថា នេះ​ជា​ករណី​ពិសេស ដោយ​លោក​បាន​ចិញ្ចឹម​តោ​នេះ តាំងពី​តូច​រហូត​ធំ ដែល​តោ​នេះ ប្រៀប​ដូច​ជា​សមាជិកគ្រួសារ​ទៅ​ហើយ ទើប​អនុញ្ញាត​ជា​ករណី​ពិសេស ឲ្យ​លោក​យក​ទៅ​ចិញ្ចឹម​វិញ ។ ដូច​ការ​បញ្ជាក់​របស់ខ្ញុំ សូម​លោក​ធ្វើ​ទ្រុង ឲ្យ​បាន​ល្អ ដើម្បី​សុវត្ថិភាព​មនុស្ស​ក្នុងផ្ទះ និង​អ្នក​រស់នៅ​ជិតខាង និង​ក៏​ត្រូវ​គិតដល់​សុខភាព នៃ​សត្វ​តោ ផង​ដែរ​» ។

គួរ​ជម្រាប​ផង​ដែរ​ថា សម្តេច​តេ​ជោ បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា «​ក្រោយ​ក្តាប់​បាន​រឿង​សត្វ​តោ ។ ល្ងាច​នេះ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​បាន​ឯកភាព​គ្នា​ថា អនុញ្ញាត​ឲ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ ក្នុង​លក្ខ​ណ្ឌ​ម្ចាស់​ត្រូវធ្វើ​ទ្រុង ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​សុ​វត្តិភាព​ទាំង​មនុស្ស​ក្នុងផ្ទះ និង​អ្នក​រស់នៅ​ជិតខាង ។ អរគុណ​បងប្អូន​ជនរួមជាតិ​ទាំង ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ផ្តល់​យោបល់ និង​អាណិត​ដល់​សត្វ​តោ​» ។

សូម​រម្លឹក​ថា តោ​ឈ្មោល​មួយ​ក្បាល មាន​ទម្ងន់​ជាង ៧០​គីឡូក្រាម ត្រូវ​បាន​បុរស​ជនជាតិ​ចិន ចិញ្ចឹម​តាំងពី​តូច​រហូត​ដល់​ពេល​នេះ​មាន​អាយុប្រមាណ ១​ឆ្នាំ​៦​ខែ ដោយ​ក្នុង​មួយ​ថ្ងៃ បរិភោគ​សាច់​ប្រមាណ​៦​គីឡូក្រាម ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន ចុះ​ដកហូត យក​សត្វ​តោ​ឈ្មោល​រស់​មួយ​ក្បាល​ពី​ជនជាតិ​ចិន ដែល​បាន​ចិញ្ចឹម​ដោយ​ខុសច្បាប់ នៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​ខ្លួន កាលពី​ថ្ងៃ​ទី ២៧ ខែមិថុនា កន្លង​ទៅ​នឹង​យក​ទៅ​ដាក់​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ ។

ក្រោយ​ការ​ដកហូត​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នេះ រួច​មក ក៏​មាន​ជជែក​ដេញដោល​ពេញ​បណ្តាញ​សង្គម ដោយ​មាន​មតិ​គាំទ្រ ឲ្យ​ដកហូត និង​មាន​មតិ​មិន​គាំទ្រ ដោយ​លើក​ឡើង​ថា គួរតែ​ឲ្យ​ម្ចាស់​ចិញ្ចឹម​បន្ត ដោយសារ​តែ​ចិញ្ចឹម​តាំងពី​តូច​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ជាមួយ​ម្ចាស់ និង​សត្វ​តោ​នោះ​ស្លូត​លេង​ប្រលែង​ជាមួយ​សត្វ​ចិញ្ចឹម​ផ្សេង​ទៀត ដូច​ជា សុនខ ជាដើម ៕








Previous Post Next Post