ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបុរសម្នាក់ដែលគេសង្ស័យថា បែកថ្នាំបានដេញកា.ប់គ្មានញញើតដៃ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ភ្លាមៗ ខណៈហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះហឿង សៃនាវ ភេទស្រី អាយុ៥៨ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែកជនដៃដល់ឈ្មោះស្វឿង ប៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ ។
តាមប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងអង្គុយស្លទឹកសម្លនំបញ្ជុកហូបជាលក្ខណៈគ្រួសារ ជាមួយបងប្អូនក្នុងភូមិ៤ទៅ៥នាក់ ដែលមកជួយចិតបន្លែ នៅក្រោមផ្ទះ ស្របពេលនោះស្រាប់តែជនដៃដល់ដែលជាជនញៀ.នថ្នាំ បានកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកា.ប់អ្នកដែលកំពុងធ្វើទឹកសម្លនំបញ្ចុក និងចិតបន្លែ ដោយពុំដឹងមូលហេតុ ។
តាមប្រភពដដែលបានបញ្ជាក់បន្តថា ដោយឃើញសកម្មភាពរបស់ជនដៃដល់សាហា.វបែបនេះ ក៏នាំគ្នារត់ ប៉ុន្តែជនដៃដល់រូបនោះបានដេញតាមកា.ប់អ្នកទាំងអស់នោះ តែចៃដន្យអីស្ត្រីរងគ្រោះបានរត់ទៅជាន់ដុំដីក្រឡាច់ជើង បណ្តាលឲ្យដួល ក៏ត្រូវជនដៃដល់តាមទាន់ និងកា.ប់ត្រូវជាច្រើនកាំបិត ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនដោយយកកាំបិតខ្វែវទៅជាមួយផងដែរ ។ នៅពេលនេះកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងតាមប្រម៉ាញ៉រកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
