រាជធានីភ្នំពេញ ៖ រឿងរ៉ាវស្នេហាខុសវ័យមួយបានកើតឡើងដោយខាងប្រុសវ័យជិយ៣០ឆ្នាំ រីឯខាងស្រីវ័យត្រឹម១៤ឆ្នាំប៉ុណ្ណោះ ហើយបានណាត់ជួបគ្នារួមមេត្រីនៅផ្ទះជួលខាងប្រុសបំពានច្បាប់ប្រពៃណី លុះក្រោយមកខាងប្រុសក្លាយជាអ្នកទោសត្រូវជាប់ចោទពីបទចា.ប់ប.ង្ខំសេ.ពសន្ថវៈ និងរួមភេ.ទលើអនិតិជន ព្រោះតែខាងប្រុសនិយាយសម្ដីមិនគួរគប្បីប៉ុន្មានម៉ាត់នេះ ដែលធ្វើឲ្យក្រុមគ្រួសារខាងស្រីពុំអាចទទួលយកបាន ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង ។
ការឃាត់ខ្លួនបុរសមួយរូបខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនោះឈ្មោះ អុក ម៉ា អាយុ២៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកនាងជាគូស្នេហ៍មានអាយុ១៤ឆ្នាំ ស្នាក់នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទាំង២មានទំនាក់ទំនងស្នេហាជាមួយគ្នាមួយរយៈពេលកន្លងមកហើយ លុះដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកទាំងពីរណាត់ជួបគ្នានៅបន្ទប់ជួលដែលជនសង្ស័យស្នាក់នៅក្នុងខណ្ឌពោធិសែនជ័យ ។ ខណៈនោះបានរួមមេត្រីជាមួយគ្នាបានសម្រេច២ដង ចំណែកឪពុកម្ដាយក្រុមគ្រួសារខាងស្រី បន្ទាប់ពីបាត់កូនស្រីជំទង់រូបនោះពីផ្ទះ ក៏បាននាំគ្នាតាមរក ហើយរហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ទើបទទួលដំណឹងថា កូនស្រីកំពុងស្នាក់នៅជាមួយបុរសខាងលើ ក៏ទៅនាំយកនាងត្រឡប់ទៅផ្ទះនៅឯខណ្ឌមានជ័យវិញ ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ក្រោយមក ដោយក្រុមគ្រួសារខាងស្រីខ្ជិលមានរឿងវែងឆ្ងាយ ម្យ៉ាងទៀតដោយយល់ថាអ្នកទាំង២ស្រឡាញ់គ្នា ហើយអង្ករក្លាយជាបាយទៅហើយនោះ កុំឲ្យរឿងបែកខ្ចរខ្ចាយ នាំឱ្យខ្មាសគេ ទើបក្រុមគ្រួសារខាងស្រីធ្វើការសម្របសម្រួលគ្នា ដោយសុំឲ្យខាងប្រុសជួយចេញថវិកាចំនួនត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ ដើម្បីរៀបចំសែនព្រេនឲ្យអ្នកទាំង២បានក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់ ។ ប៉ុន្តែអ្វីដែលនឹកស្មានពុំដល់នោះ បែរជាខាងប្រុសនិយាយថា «ខ្លួនព្រមទទួលយកនាងធ្វើជាប្រពន្ធ ប៉ុន្តែកន្លះខែក្រោយនឹងលែងក្បាលចោលវិញហើយ» ។ បន្ទាប់ពីបានឮបែបនេះ ធ្វើឱ្យក្រុមគ្រួសារខាងស្រីខឹងខ្លាំងណាស់ក៏បានដាក់ពាក្យប្ដឹងសុំឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យរូបនោះទៅសាកសួរនិងចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថា រួមភេ.ទជាមួយអនិតិជន ។ ចំណែកក្មេងស្រីខាងលើក៏បានចោទថា បុរសនោះល្បួងនាងនាំទៅចាប់រំលោ.ភសេ.ពសន្ថវៈបានសម្រេចរហូតដល់ទៅ២ដងផងដែរ។
ក្រោយពីបានទទួលពាក្យបណ្តឹងខាងលើរួច នគរបាលប៉ុស្ដិ៍ចោមចៅទី៣ បានឃាត់ខ្លួនជនសង្ស័យរូបនោះនាំទៅធ្វើការសាកសួរ ដើម្បីបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

