ខេត្តតាកែវ​រៀបចំ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់ ជូន​ពលរដ្ឋ​ ព្រះសង្ឃ មន្ត្រីរាជការ និង​កម្មករ​កម្មការិនី នៅ​ស្រុក​ត្រាំកក់

 ខេត្តតាកែវ ៖ រដ្ឋបាល​ខេត្តតាកែវ​រៀបចំ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ជូន​ពលរដ្ឋ​ព្រះសង្ឃ មន្ត្រីរាជការ និង​កម្មករ​កម្មការិនី នៅ​ទូ​ទាំង​ស្រុក​ត្រាំកក់ មាន​ចំនួន​ជាង​១២​ម៉ឺន​នាក់​ក្រោម​អធិបតី លោក ច័ន្ទ សា​រុន អ្នកតំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ ។

ដោយ​មានការ​ចូលរួម​ពី លោក វេជ្ជបណ្ឌិត នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត អាជ្ញាធរ​ស្រុក​ត្រាំកក់ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន ២៤​ម៉ឺន​ដូ​ស ដើម្បី​ចាក់​ជូន​បងប្អូន ប្រជាពលរដ្ឋ ជូន​ពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ និង​កម្មករ កម្មការិនី នៅ​ទូ​ទាំង​ស្រុក​ត្រាំកក់ មាន​ជាង​១២​ម៉ឺន​នាក់ ។

លោក ច​ន្ទ័ សា​រុន មាន​ប្រសាសន៍​នា​ឱកាស​អញ្ជើញ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ទូ​ទាំង​ស្រុក​ត្រាំកក់ បាន​លើក​ឡើង​ថា ការ​ចាក់​វ៉ាក់សាំង​គឺ ជា​ការ​ការពារ​ពី​ការ​ឆ្លងនៃ​ជំងឺ​កូ​វី​ដ​-១៩ មិនមែន​ជា​កន្លែង​ប្រភព​ចម្លង​មេរោគ​កូ​វី​ដ​នោះ​ទេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង សូម​គោរព​ទៅ​តាម​គោល​ការ​របស់​ក្រសួងសុខាភិបាល ដោយ​រក្សា គម្លាត​ឱ្យ​បាន​ត្រឹមត្រូវ មិនមែន​មក​ប្រមូលផ្តុំ​គ្នា​ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ចម្លងជំងឺ​នោះ​ទេ ។

លោក ច័ន្ទ សា​រិ​ន បាន​បញ្ជាក់​ថា ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ នេះ គឺ​មិន​មានការ​យក​លុយ​យក​កាក់​អី​ទេ បើសិនជា​មាន​អ្នក​ប្រព្រឹត្តិ​បែប​នេះ និង​ត្រូវ​ជាប់​ទោស ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​អាជ្ញាធរ​ឃុំ ស្រុក ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​អំពី​គ្រូពេទ្យ​ឈ្មោះ​អី​ដែល​បាន​ទា​លុយ​ពី​បងប្អូន​នោះ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ច័ន្ទ សា​រុន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ផ្តល់​វ៉ាក់សាំង​តាម​រយៈ​ក្រសួងសុខាភិបាល ដើម្បី​មក​ធ្វើការ​ចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​យ៉ាង​ល្អ​ប្រសើរ ។

សូម​បញ្ជាក់​ដែរ​ថា រដ្ឋបាល​ខេត្តតាកែវ បាន​រៀបចំ​ចាក់​វ៉ាក់សាំង ប្រភេទ ស៊ី​ណូ​វ៉ា​ក់ ចាក់​ជូន​ពលរដ្ឋ នៅ​ទូ​ទាំង​ស្រុក​ត្រាំកក់ ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​ដោយ​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត សហ​ការណ៍​ជា អាជ្ញាធរ​មូលដ្ឋាន ដែល​មាន ២៦​ទីតាំង ទូ​ទាំង​ស្រុក​ត្រាំកក់ ដោយ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ចាប់ពី​ពេល​ព្រឹក ម៉ោង ៧​នឹង​៣០​នាទី ដល់​ម៉ោង​១១ និង​៣០​នាទី និង​ពេល​រសៀល​ចាប់ ពី​ម៉ោង​១៣​និង​០០​នាទី ដល់​ម៉ោង​១៦​និង​០០​នាទី ដោយ​បងប្អូន​ភ្ជាប់​មក​ជាមួយ​នូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន សំបុត្រ​កំណើត សៀវភៅ​គ្រួសារ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​តែ​ប៉ុណ្ណោះ​នឹង​អាច​ចាក់​ថ្នាំ​បាន​ហើយ​៕







Previous Post Next Post