លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវកុំឱ្យពលរដ្ឋទាំងអស់កុំប្រមូលផ្តុំគ្នា ឬទៅកន្លែងបិទជិត ពិសេសអនុវត្តវិធាន ៣កុំ ៣ការពារឱ្យបានល្អ ដើម្បីជៀសជាងការឆ្លងកូវីដ១៩។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសប្រគល់ថវិការបស់សម្ដេចតេជោ ហ៊ុន សែន ជូនជនទី៤លាន នៃការចាក់វ៉ាក់សាំងកូវីដ១៩ នៅស្រុកបុទុមសាគរ ខេត្តកោះកុងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកជំទាវបានឱ្យដឹងថា ការអំពាវនាវបែបនេះមិនមែនមានន័យមិនឱ្យពលរដ្ឋយើងចេញទៅណា មកណានោះឡើយ ប៉ុន្តែករណីទៅទីតាំងបិទជិត ឬប្រមូលផ្ដុំមនុស្ស មិនត្រូវនៅកន្លែងនោះលើសពី១៥នាទីនោះឡើយ ព្រោះលើសនេះវីរុសអាចវាយលុកចូលក្នុងខ្លួនយើងបាន ពិសេសប្រភេទវីរុសកូវីដ១៩ បម្លែងខ្លួនថ្មីប្រភេទ។
“សូមបងប្អូនចង់ចាំថា ទោះបីបងប្អូនចូលទៅក្នុងទីផ្សារក៏ដោយ ធ្វើយ៉ាងណាកុំឲ្យខ្លួនយើង នៅក្នុងទីតាំងនោះ លើសទី១៥នាទី ដែលនេះជាចំណុចសំខាន់ណាស់ត្រូវចង់ចាំទាំងអស់គ្នា។ បើចង់ទៅទិញអ្វីត្រូវគិតពីផ្ទះឲ្យហើយ អញ្ចឹងទៅដល់ភ្លាម ត្រូវអនុវត្តវិធានការការពារ ៣ការពារ ហើយទៅកុំឲ្យនៅទីនោះលើសទី១៥នាទី ព្រោះយើងនៅលើសពី១៥នាទី ជាពេលវេលាមួយសម្រាប់ឲ្យវីរុសកូវីស១៩ អាចវាយលុកចូលក្នុងសរីរាង្គយើងបានលឿនណាស់”។
លោកជំទាវបានលើកឡើងទៀតថា កម្ពុជាកំពុងប្រឈមនឹងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី របស់វីរុសកូវីដ១៩ (Data Plus) ផងដែរ ដោយតាមរយៈការសិក្សារបស់អ្នកវិទ្យាសាស្ដ្រ ពពួកបំប្លែងខ្លួនថ្មី (B1.1.7) ឆ្លងលឿនចន្លោះពី៥ទៅ៧ដង ប្រៀបធៀបជាមួយវីរុសប្រភេទចាស់ ប៉ុន្ដែអ្វីដែលគេរកឃើញ គឺស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺនៅពេលឆ្លងពពួកបំប្លែងថ្មីនេះ ខណៈគិតត្រឹមថ្ងៃទី២៩ ខែមិថុនា នេះកម្ពុជាបានរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ៕


