ទុះ​កូ​វី​ដ​១៩ នៅ​រោងចក្រ​មួយ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ រក​ឃើញ​កម្មករ​២១៣​នាក់​វិជ្ជមាន

 រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​ចំនួន​២១៣​នាក់ ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ «​ជេ​អេ​ច​ហ្គា​មិន​ខេ​ម​បូ​ឌា​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់​ពី​មាន​កម្មករ​ប៉ុន្មាន​នាក់​ដំបូង​បាន​កើត​ជំងឺ​នេះ ។

នៅ​វេលា​ពេញ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រុម​គ្រូពេទ្យ TYDA សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​យក​សំណាក​លើ​ក្រុម​កម្មករ កម្មការិនី​នៅ​ក្នុង​រោងចក្រ​ដែល​សរុប​ចំនួន​៨១៧​នាក់ ក្នុង​ចំណោម​កម្មករ​សរុប​៩៦៤​នាក់ ។ ជា​លទ្ធផល​ពេញ​មួយ​ថ្ងៃ នៃ​ការ​តេស្ត​សំណាក ឃើញ​ថា មាន​កម្មករ កម្ម​ក្មការិនី​រោងចក្រ​ចំនួន​២១៣​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

ក្រោយ​ពី​ពិនិត្យ​ឃើញ​ហើយ​នោះ ពួក​គេ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ផង​ដែរ ។ ដោយឡែក អ្នក​ដែល​បាន​ឆ្លងកាត់​ការ​តេស្ត​សំណាក​​ហើយ​នោះ ក្រុម​គ្រូពេទ្យ បាន​តម្រូវ​អោយ​ពួក​គេ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ដោយ​ខ្លួនឯង នៅ​តាម​ទី​សំណាក់ ឬ​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​នីមួយ​ៗ ។

សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១២​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រុម​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ នឹង​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​រោងចក្រ ដើម្បី​ធ្វើការ​វាយតម្លៃ​ថា តើ​ត្រូវ​បន្ត​អនុញ្ញាត​អោយ​មានការ​ដំណើរ​សង្វា​ក់​អាជីវកម្ម ឬ​អោយ​បិទ ឬ​មួយ​ក៏​អោយ​ដំណើរការ​ក្នុង​កាលៈទេសៈ​ណាមួយ​សម​ស្រប​នោះ ខណៈ​ពេល​ដែល​កម្មករ​ដែល​វិជ្ជមាន​កូ​វី​ដ គឺ​ស្ថិត​នៅ​ក្នុង​តួលេខ​ខ្ពស់ ៕









Previous Post Next Post