ផ្តន្ទាទោស​ឃាតករ សម្លាប់​រំលោភ​សេពសន្ថវៈ​ក្មេងប្រុស អាយុ​១០​ឆ្នាំ នៅក្នុង​ព្រៃត្រែង ដាក់គុក​អស់​មួយជីវិត​

 ភ្នំពេញៈ កាលពី​រសៀល ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក រស់ សា​ម៉ី​ឌី ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ផ្តន្ទាទោស លើ​ជនជាប់ចោទ ពាក់ព័ន្ធ​សំណុំរឿង អំពើ​ឃាតកម្ម ដោយ​ទារុណកម្ម និង​រំលោភ​សេពសន្ថវៈ ដាក់គុក​អស់​មួយជីវិត ។ សាលក្រម​នេះ បាន​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ ប្តឹង​ឧទ្ធរណ៍ តាម​កំណត់​ច្បាប់ ។​

​ជន​ជា​ឃាតក មានឈ្មោះ អុន ភា​មុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​លំនៅ នៅក្រោយ វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​គួររម្លឹកថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ នេះ បានសម្រេច​ចោទប្រកាន់ ជន​ជា​ឃាតក សម្លាប់​ក្មេង ប្រុស អាយុ​១០ ពីបទ​ឃាតកម្ម ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេព សន្ថវៈ តាម​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

​បទល្មើស ដូច​មានចែង​តាម​មាត្រា ខាងលើនេះ ជន​ណា ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្ម ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ ជា​ឃាតកម្ម ដែល​កើត​ក្នុង ពេល ឬ ក្រោយពេល​ប្រព្រឹត្ត អំពើ​ទារុណកម្ម ឬ អំពើ​ឃោរឃៅ ឬ អំពើ​រំលោភ​សេពសន្ថវៈ នោះ ច្បាប់​តម្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ អស់​មួយជីវិត ។

​បន្ទាប់ពី​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ តំណាង​អយ្យការ បាន​ចាត់​បញ្ជូន​ទៅខាង ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ជនសង្ស័យ ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន ។

​សូម​រម្លឹក​ទៀតថា កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាល ខណ្ឌ​ច្បារអំពៅ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ក្រោយ​ការសាកសួរ លើ​ឃាតក (​ជា​បងថ្លៃ​ជីដូនមួយ​) ពាក់ព័ន្ធ​ករណី​សម្លាប់​កុមារ អាយុ​១០​ឆ្នាំ នៅក្នុង​ព្រៃត្រែង តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង​នោះ ជនសង្ស័យ បាន​ឆ្លើយ សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ លើ​ក្មេងប្រុស ឈ្មោះ ជា ប៊ុនហេង អាយុ​១០​ឆ្នាំ មាន​លំនៅ ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ពិតប្រាកដ​មែន ។

​លោក​អធិការ បាន​បន្តថាៈ ដើមចម គឺ​ឃាតក បាន​រៀប​គម្រោង​សម្លាប់​ក្មេងប្រុស​រង​នោះ ដោយសារ​រូបគេ ខឹង​ឪពុកម្តាយ​កុមារ​រងគ្រោះ តែងតែ​មើលងាយ មើលថោក​រូបគេ ថា​ជាម​នុស្ស​ខ្ជិល មិនចេះ​រកស៊ី និង​គ្មាន​ការងារ​ធ្វើ ។ អង្គហេតុ កាលពី​រសៀល​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២១ ជន​ជា​ឃាតក ជា​សាច់ថ្លៃ បានរៀបចំ​គម្រោង រួចជាស្រេច ដើម្បី​នាំ​ជនរងគ្រោះ ទៅ​រំលោភ​សម្លាប់ បន្ទាប់ពី​ដឹងថា ក្មេងប្រុស​នោះ កំពុង​ជិះ​កង់​លេង តែម្នាក់ឯង នៅក្នុង​វត្ត​។ ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក MSX ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1FJ- 8384 ទៅ​បបួល​ជនរងគ្រោះ រក​ទិញ​ប្រហិត​ញុំ​ា នៅ​ម្តុំ​ផ្លូវ​ថៃ​ហ្គ័​រ រួច​ជនសង្ស័យ បាន​ជិះ​ម៉ូតូ ឌុប​ជនរងគ្រោះ ចេញទៅ ដោយ​នាំគ្នា​ញា​ុំ​ប្រហិត នៅ​លេ​ី​ម៉ូតូ​បណ្តើរ ។ ពេល​កំពុង​ជិះ​ម៉ូតូ ជាមួយគ្នា​នោះ ជនរងគ្រោះ បាន​វាយ​ក្បាល​ជនសង្ស័យ ពីក្រោយ​ចំនួន ២ ដៃ ជាហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ កើត​ចិត្ត​ខឹង​ខ្លាំង គួបផ្សំ​គំនុំ​ចាស់ ដែល​ដក់​ក្នុង​ចិត្ត​ស្រាប់​ផង ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ ទៅ​ឈប់​នៅ​កន្លែង​ស្ងាត់​មួយ ហើយ​គេ​បាន​និ​យា យ​លួងលោម បញ្ចុះបញ្ចូល​ជនរងគ្រោះ ឲ្យ​ចុះទៅ​បេះ​ក្រអៅឈូក ជាមួយ​គេ​។ ពេលនោះ ជនសង្ស័យ ក៏​ធ្វើ​សកម្មភាព​ស្រាតខោ​ជនរងគ្រោះ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​ត្រូវ​ក្មេងប្រុស​នោះ​ប្រកែក ទើបបាន​ធ្វើ​ឲ្យ​ជនសង្ស័យ វាយ​ជនរងគ្រោះ ២ ដៃ ដួល​ផ្កាប់មុខ​ទៅលើ​ដី​។ ភ្លាមនោះ ជនសង្ស័យ ក៏​ស្ទុះ​ទៅ​កាច់​មែក ឈេ​ី​ធំ​ល្មម យកមក​ធ្វើ​សកម្មភាព វាយ​ក្បាល​ជនរងគ្រោះ បន្ថែមទៀត និង​ចាក់​ត្រង់​ពោះ បណ្តាល​ឲ្យ​ក្មេងប្រុស​នោះ ស្លាប់​តែម្តងទៅ ។


​ពេល​សម្លាប់​ក្មេងប្រុស​នោះ​ហើយ ជនសង្ស័យ ធ្វើ​សកម្មភាព​រំលោភ​ម្តងទៀត តែដោយសារ រូបគេ ភ័យ​ពេក ការរំលោភ​សេពសន្ថវៈ មិនបាន​សម្រេច​ទេ បន្ទាប់មក ជនសង្ស័យ បាន​ជិះ​ម៉ូតូ គេចខ្លួន ទៅសំងំ​ក្នុងផ្ទះ នៅក្រោយ​វត្ត​ជ្រោយ​អំពិល និង​ធ្វើ​ដូចជា គ្មាន​រឿង​អ្វី​កើតឡើង ។

​នៅ​យប់​ថ្ងៃ​ដែល ជនសង្ស័យ បានសម្លាប់​ជនរងគ្រោះ​ហើយ រូបគេ​បាន​សម្តែង​ធ្វើជា​ចិត្តល្អ ជួយ​ជូន​ឪពុក​ម្តាយបង្កើត ដើររក​ក្មេងប្រុស​នោះ ក្រោយពី​បាត់​ខ្លួន មិនឃើញ​ចូល​ផ្ទះ ។

​ប៉ុន្តែ​នៅពេល​បាត់​ខ្លួន​កូនប្រុស អាណាព្យាបាល បាន​ទៅ​ដាក់ពាក្យ​បណ្តឹង ដល់​សម​ត្ត​កិច្ច ទើប​ដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល បាន​ចុះទៅ​សហការ ជាមួយ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​ច្បារអំពៅ ដោយ​មានការ​ជ្រោមជ្រែង ពី​សំណាក់​អង្គភាព​ការពារ​កុមារ (CPU) ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​តាម រយៈ​កាមេរ៉ា​សុ​វត្តិភាព ។ ក្រោយពី​ឃាត់ខ្លួន ជន​ជា​ឃាតក នា​រសៀល​ថ្ងៃទី​៦ ខែមេសា កម្លាំង​សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ ទៅធ្វើ​ត្រាប់ អំពី​សកម្មភាព​វាយ សម្លាប់​ក្មេងប្រុស រងគ្រោះ នៅ​កន្លែងកើតហេតុ ខណៈ​មាន​មនុស្ស​កុះករ ទៅ​ចោមរោម​មើល ។

​សូមបញ្ជាក់​ទៀតថា សព​ក្មេងប្រុស អាយុ​១០​ឆ្នាំ នោះ ត្រូវបាន​ប្រជាពលរដ្ឋ អ្នក​ដើររក​ឃ្មុំ ប្រទះឃើញ​ដេកស្លាប់ អាក្រាតកាយ ក្នុងព្រៃ​ត្រែង មួយកន្លែង ស្ថិតក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រា​ធានី​ភ្នំពេញ កាល​វេលា​ម៉ោង ១១ និង​៣០​នាទី ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ ដោយ​សភាព​ហើម ស្អុយរលួយ មើល​លែង​ចង់​ស្គាល់ ។ ប៉ុន្តែ​សព​នោះ ក៏​ត្រូវបាន​អាណាព្យាបាល កំណត់ថា ជា​កូនប្រុស​របស់គាត់ ៕




Previous Post Next Post