រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកអនាម័យម្នាក់ រួមទាំងបុរសជាប្តី ត្រូវបានម្ចាស់ផ្ទះចាក់សោរបង្ខាំងទុកនៅក្នុងក្រុមហ៊ុន «ជេស៊ី អ៊ែឡាញ (JC AIRLINES)» ដែលជាក្រុមហ៊ុនលក់សំបុត្រមួយ ជាប់ខាងក្នុងទាំងពីរនាក់ ខណៈពេលដែលពួកគាត់កំពុងតែនាំគ្នាធ្វើការបោសសំអាតនៅជាន់ទី៣ លុះដល់ពេលយកសំរាមទៅបោះចោលទើបបានដឹងថា គេចាក់សោរទ្វារជាប់ខាងក្រៅមិនអោយចេញទៅណា ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ជួយអន្តរាគមន៍ រួចទាក់ទងទៅខាងម្ចាស់ផ្ទះអោយមកចាក់សោរទ្វារដើម្បីអោយពីរនាក់ប្តីប្រពន្ធចេញទៅបាន និងបញ្ជាក់ថា ករណីនេះមិនមែនជាករណីបង្ខាំងមនុស្សទេ ដោយសារម្ចាស់ផ្ទះចាក់សោរ ព្រោះតែខ្លាចក្រុមហ៊ុនរើអីវ៉ាន់ចេញអស់ មិនសងថ្លៃឈ្នួលផ្ទះ និងមិនដឹងថា មានមនុស្សនៅខាងក្នុងឡើយ។
ហើយករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំណុចក្រុមហ៊ុនលក់សំបុត្រយន្តហោះ «ជេស៊ី អ៊ែរឡាញ( JC AIRLINES)» នៅចំណុចផ្ទះលេខ២៤៧ ស្ថិតក្នុងភូមិ៥ ក្រុម៤២ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។
ជនរងគ្រោះខាងលើ ទី១- ឈ្មោះ នួន ម៉ុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអ្នកអនាម័យ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ (ជាប្រពន្ធ) និងទី២-ឈ្មោះ លីវ សុខធា អាយុ៣៩ឆ្នាំ (ជាប្តី) ទាំងពីរនាក់ស្នាក់នៅផ្ទះជួលជាមួយគ្នា នៅម្តុំផ្សារសាំផាន់ទួលសង្កែ ស្ថិតក្នុងខណ្ឌឬស្សីកែវ។
បើតាមស្ត្រីជាប្រពន្ធបានប្រាប់ឱ្យដឹងថា កាលពីវេម៉ោង៧និង៣០នាទីព្រឹក រូបគាត់ និងប្តី បាននាំគ្នាមកធ្វើអនាម័យនៅខាងក្នុងក្រុមហ៊ុននៅជាន់ទី៣ខាងលើ លុះពេលចុះយកសំរាមមកបោះចោល ទើបបានដឹងថា គេចាក់សោរជាប់ចេញមិនរួច។ ពេលដែលគេចាក់សោរជាប់នោះ រូបគាត់ក៏បានឃើញបុរសម្នាក់អង្គុយនៅលើម៉ូតូខាងមុខ ហើយគាត់ក៏បានស្រែកហៅដើម្បីសុំចេញ តែត្រូវបុរសរូបនោះឆ្លើយថា «បើអោយមនុស្សចេញទៅចប់ហើយ បានអ្នកណាមកទទួលខុសត្រូវ?» ហើយបុរសរូបនោះក៏ទៅបាត់តែម្តង។
ស្ត្រីខាងលើបន្តថា ភ្លាមៗនោះ គាត់ក៏បានទូរស័ព្ទទៅប្រាប់មេ ហើយមេប្រាប់ថា «ចាំបន្តិចចាំគេដោះស្រាយអោយ» ។ ហើយនៅពេលដែលបុរសដែលទំនងជាម្ចាស់ផ្ទះចាក់សោរបិទទ្វារជាប់នោះក៏បានជិះម៉ូតូចេញទៅបាត់ ដោយទុកពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធជាប់នៅខាងក្នុងបន្តទៀត លុះបន្តិចក្រោយមកក៏ស្រាប់តែឃើញមានប៉ូលីសជាច្រើននាក់មកដល់ផងដែរ។
ស្ត្រីដដែលបានប្រាប់បន្តទៀតថា កាលដែលម្ចាស់ផ្ទះមកចាក់សោរទ្វារបិទមិនអោយគាត់ចេញនេះប្រហែលម៉ោង៩ នៅពេលដែលរូបគាត់ និងប្តីកំពុងធ្វើការនៅជាន់ទី៣ ដោយមិនដឹងថា តើមកពីមូលហេតុអ្វីទេ? បានជាម្ចាស់ផ្ទះចាក់សោរមិនអោយគាត់ចេញបែបនេះ?។ គាត់ធ្វើការនៅទីនេះតែម្នាក់ឯងយូរហើយ ដោយកូនសោរក្រុមហ៊ុនគាត់ជាអ្នកកាន់ និងចូលធ្វើការចាប់ពីម៉ោង៧កន្លះព្រឹក លុះដល់ម៉ោង៤កន្លះល្ងាច ទើបចប់នឹងចេញទៅផ្ទះរាល់ថ្ងៃ លុះដល់ថ្ងៃនេះទើបអោយប្តីជូបមកកន្លែងធ្វើការម្តងក៏ជួបរឿងនេះកើតឡើងតែម្តង។
គួរបញ្ជាក់ថា ក្នុងពេលដែលម្ចាស់ផ្ទះយកសោរមកចាក់បង្ខាំងមនុស្ស២នាក់នៅក្នុងក្រុមហ៊ុននោះ កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ និងនគរបាលខណ្ឌបឹងកេងកង ក៏បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅម្ចាស់ផ្ទះអោយយកសោរមកចាក់បើកទ្វារអោយមនុស្សចេញវិញ។ លុះមួយសន្ទុះក្រោយមក ទើបបានឃើញយុវជនម្នាក់ដែលអះអាងថា ជាតំណាងម្ចាស់ផ្ទះមកដល់ និងបានយកកូនសោរចាក់បើកទ្វារអោយស្ត្រីជាអ្នកអនាម័យ និងប្តី ចេញមកខាងក្រៅវិញបាន ហើយក៏បាននាំទៅកាន់នគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីធ្វើការសាកសួរជាបន្តទៅទៀត។
បើតាមការបញ្ជាក់ពីនគរបាលខណ្ឌបឹងកេងកង បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះត្រូវបានគេស្គាល់ថា មានឈ្មោះ ហួត ហើយការចាក់សោរបិទទ្វារមិនអោយមនុស្សចេញនេះ មិនមែនជាករណីបង្ខាំងមនុស្សឡើយ គឺដោយសារតែខ្លាចខាងក្រុមហ៊ុនយកអីវ៉ាន់ចេញ ហើយមិនដឹងថា មានមនុស្សនៅខាងក្នុងនោះទេ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ដោយសារតែខាងក្រុមហ៊ុនលក់សំបុត្រយន្តហោះ «ជេស៊ី អ៊ែឡាញ JC AIRLINES» មិនបានបង់លុយថ្លៃឈ្នួលចំនួន៥ទៅ៦ខែមកហើយ ទើបបានជាម្ចាស់ផ្ទះយកសោរមកចាក់សោរបិទទ្វារ ទើបធ្វើអោយមានការភ្ញាក់ផ្អើលបែបនេះតែម្តង។