ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកកាស៊ីណូម្នាក់ជិះម៉ូតូពេលយប់បុករបាំងបិទផ្លូវ បណ្តាលឱ្យធ្លាក់ចូលទឹកមុខលូ ហូរសាត់ទៅបាត់អស់១យប់ ទើបរកស.ពឃើញនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន សារួន ភេទប្រុស អាយុ៣០ឆ្នាំ (បុគ្គលិកកាស៊ីណូ) រស់នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកបានបញ្ជាក់ថា មុនពេលកើតហេតុ នៅអំឡុងម៉ោង៣ឈានចូលព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ អ្នកនៅជិតខាងបានឮសូរប្រាវធ្លាក់ទឹកប្រូង ក៏នាំគ្នាដើរទៅមើល ស្រាប់តែឃើញម៉ូតូធ្លាក់ចូលទឹក និងឈា.មជាប់លើផ្លូវដែរ តែបាត់មនុស្ស ។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះកើតឡើង ទើបពួកគាត់នាំគ្នារាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចឱ្យចុះមកពិនិត្យ ឃើញថា ជនរងគ្រោះបានជិះម៉ូតូបុកបារ៉ាស់ដាក់កាត់ផ្លូវ បណ្តាលឱ្យធ្លាក់ចូលទឹក មុខលូ ត្រូវទឹកហូរខ្លាំងកួចយកទៅបាត់។
លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា ក្រោយពេលជនរងគ្រោះធ្លាក់ទឹកកួចយកទៅបាត់ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធាបានចុះរាវរកមិនឃើញឡើយ រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចលូហូរកាត់ផ្លូវខាងត្បូងចម្ងាយពីផ្លូវ ស្រាប់តែប្រទះឃើញស.ពជនរងគ្រោះទើរជាប់គល់ឈើរចម្ងាយប្រមាណ៤០០ម៉ែត្រ ។ បន្ទាប់ពីរកស.ពឃើញហើយ កម្លាំងសមត្ថកិច្ចក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕