ផ្ទុះហ្គាសក្នុងអគារចិន ស្លាប់និងរបួសមនុស្សជាង ១៥០នាក់
មនុស្សយ៉ាងតិច១២នាក់បានស្លាប់ និង១៤០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះហ្គាស ក្នុងអគារលំនៅដ្ឋានមួយ នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យទី១៣ខែមិថុនា។
យោងតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយក្នុងទីក្រុង Shiyan បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងតែដំណើរការបើទោះបីជាមិនទាន់ដឹងថា តើមានមនុស្សប៉ុន្មាននាក់នៅតែជាប់ ក្រោមគំនរបាក់បែកក៏ដោយ។
ការផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹក ហើយការស៊ើបអង្កេតកំពុងធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះនេះ។
សាក្សីម្នាក់ បានប្រាប់កាសែត Global Times ថា ការផ្ទុះនេះបានបង្កការឆាបឆេះផ្សារបន្លែមួយ ក្នុងទីក្រុងដែលពោរពេញទៅដោយអ្នកដើរផ្សារនិងអ្នកស្រុកដែលកំពុងទទួលទានអាហារពេលព្រឹក។

