មន្ត្រីកម្ពុជា កំពុង​ស្វែ​ករក​ព័ត៌មាន​បន្ថែម ករណី​​ថា មានការ​សាងសង់​ប្រាសាទ ដូច​អង្គរវត្ត​ខ្មែរ នៅ​ថៃ

 រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ជំទាវ ភឿ​ង ស​កុ​ណា បាន​មាន​ប្រសាសន៍​ប្រាប់​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​នៅ​យប់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២១​ថា «​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ទាក់ទង​ទៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ករណី​ដែល​ថា មានការ​សាងសង់​ប្រាសាទ ដូច​អង្គរវត្ត​របស់​កម្ពុជា នៅ​លើ​ទឹកដី​ថៃ » ។

តាម​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា បាន​បង្ហាញ​ថា មាន​គំរូ​ប្លង់ ដូច​ប្រាសាទ​ដូច​អង្គរវត្ត​របស់​កម្ពុជា ដែល​កំពុង​សាងសង់​នៅ​ទឹកដី​ថៃ ដែល​ចម្លង​ចេញពី​រូបរាង​ប្រាសាទអង្គរវត្ត គឺ​ស្ថិត​នៅ​ឯ​វត្ត​ភូ​ម៉ា​ន​ហ្វា ក្នុង​ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ ។ បន្ទាប់​ពី​ទទួល​ជោគជ័យ​ក្នុង​ការ​កសាង​ប្រាសាទ​នានា ក្នុង​វត្ត​នោះ​រួច​មក គម្រោង​បន្ទាប់ គឺ​ការ​កសាង​ប្រាសាទអង្គរវត្ត​ទី​២ ឬ​ប្រាសាទ ដែល​គេ​ប្រសិទ្ធ​នាម​ថា ប្រាសាទ​សីហ​នគរ (ปราสาทสีหนคร) គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ រវាង​ពី ៧​ឆ្នាំ ទៅ​៨​ឆ្នាំ​ទៀត ។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា ជា​ជំហាន​ដំបូង ភាគី​ខាង​បច្ចេកទេស​ក្រសួង រួម​ជាមួយ​អាជ្ញាធរ​អប្សរា បាន​និង​កំពុង​ស្វែ​ករក​ព័ត៌មាន​បន្ថែម ជា​មុន​សិន ។

លោក​បញ្ជាក់​ថា ដំបូង​យើង​បានដឹង​ថា ភាគី​ថៃ បាន​កសាង​ប្រាសាទ ដែល​មាន​កំពូល​បី ដូច​ប្រាសាទ​អង្គរ​ខ្មែរ ហេតុនេះ យើង​កំពុង​ស្វែង​អ្នក​បច្ចេក​សិក្សា​ទៅ​ប្លង់​មេនេះ ដើម្បី​បាន​ព័ត៌មាន​ជាក់លាក់​ជា​មុន​សិន ។

លោក​បន្ថែម​ថា ប្រសិនបើ​យើង​សិក្សា​បាន​ច្បាស់លាស់​ហើយ​នោះ ក្រសួង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ និង​បទដ្ឋាន​គតិ​យុទ្ធ​នានា ដែល​បាន​ចែង ក្នុង​ពេល​ដែល​មានការ​សាងសង់​យក​លំនាំ​តាម​ប្រាសាទបុរាណ​ខ្មែរ ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ ។

លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា យើង​កំពុង​សិក្សា​បញ្ហា​នេះ ឲ្យ​បាន​ច្បាស់លាស់​ថា ភាគី​ថៃ គេ​សាងសង់​យក​តាម​លំនាំ​ប្រាសាទខ្មែរ​យើង​ទាំងស្រុង ឬ​មាន​ប្លង់​បែបផែន​ផ្សេង ?

លោក​បញ្ជាក់​ថា ឥឡូវនេះ ជា​ជំហាន​ដំបូង គឺ​ដឹង​ព័ត៌មាន​ថា ភាគី​ថៃ គេ​សាងសង់​ជា​ពុទ្ធ​មណ្ឌល​មួយ ។ យ៉ាងណា បើ​តាម​លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា បាន​ទាក់ទង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ទៅ​កាន់​ភាគី​អ្នក​ចេញ​គំរូ​ប្លង់​មេ របស់​ថៃ ហើយ​ក៏​បាន​ទាក់ទង​ទៅ​កាន់​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ មុន​ឈាន​ដល់​ដំណោះស្រាយ និង​ចំណាត់ការ​ច្បាប់​ណាមួយ ៕










Previous Post Next Post