ភ្នំពេញ​៖ ស្ត្រី​ជា​កម្មករសំណង់​ម្នាក់ ត្រូវ​រថយន្ត lexus RX300 មួយគ្រឿង បើកបរ​ដោយ​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ ក្នុង​ល្បឿន​លឿន បុក​បណ្តាលអោយ​ប៉ើង ប្រមាណ​ជាង…

 ភ្នំពេញ​៖ ស្ត្រី​ជា​កម្មករសំណង់​ម្នាក់ ត្រូវ​រថយន្ត lexus RX300 មួយគ្រឿង បើកបរ​ដោយ​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ ក្នុង​ល្បឿន​លឿន បុក​បណ្តាលអោយ​ប៉ើង ប្រមាណ​ជាង ១០​ម៉ែត្រ បោក​ក្បាល បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណៈពេល​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម មួយគ្រឿង​។​

​បន្ទាប់ពី​គ្រោះថ្នាក់ រថយន្ត​ក៏បាន​រេ​ចង្កូត ឡើង​ខឿន​សួនច្បារ មុខ​បុរី ឌឹ​ផ្ល​រ៉ា ទៅបុក​រះ​នឹង​ស្លាក​ផ្សាយ​ពាណិជ្ជ​របស់​បុរី ខូចខាត ហើយ​រថយន្ត​ទាញ​ចង្កូត​គេច មក​ខាងឆ្វេង​វិញ ទៅបុក​នឹង​រថយន្ត​ម៉ាក CRV មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​មួយ​ចំហៀង ខាងស្ដាំ ទើប​រថយន្ត​បង្ក អស់​ល្បឿន ទៅមុខ​លែងរួច​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២ និង​៥០​នាទី រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទល់មុខ​បុរី​ឌឹ​ផ្ល​រ៉ា ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​សព​ស្ត្រី​រងគ្រោះ មានឈ្មោះ អ៊ុច សាវ៉ាត អាយុ ៣៦​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​ពពាល ស្រុក​មុខកំពូល ខេត្តកណ្តាល​។

​ព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1C-7206 ធ្វើដំណើរ​ចេញពី​ផ្លូវ​៧​មករា ក្នុងទិសដៅ​ពី​លិចទៅ​កើត គោលបំណង​ទៅ​បើក​ប្រាក់ខែ នៅ​ការដ្ឋាន​សំណង់ នៅ​ជិត​កន្លែងកើតហេតុ​។ ខណៈពេល​ធ្វើដំណើរ មកដល់​ផ្លូវជាតិ​លេខ​៦ ម៉ូតូ​ស្ត្រី​រងគ្រោះ ក៏​បត់​ស្ដាំ ស្របពេលនោះ មាន​រថយន្ត​មួយគ្រឿង ម៉ាក Lexus RX300 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5954 បើកបរ​ដោយ​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន មក​បុក​ម៉ូតូ​នារី​រងគ្រោះ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​ផ្លោង​ជាង ១០​ម៉ែត្រ បោក​ក្បាល​នឹង​ថ្នល់ បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។

​តាម​សាក្សី ខណៈនោះ រថយន្ត​បង្ក មិនទាន់​អស់​ល្បឿន ក៏​រ៉េ​ចង្កូត ទៅខាង​ស្តាំ ឡើង​ខឿន​សួនច្បារ​មុខ​បុរី ឌឹ​ផ្ល​រ៉ា បុក​រះ​នឹង​ស្លាក​ផ្សាយ​ពាណិជ្ជ​របស់​បុរី រង​ការខូចខាត​មួយ​ផ្ទាំង ហើយ​ម្ចាស់​រថយន្ត​បង្ក បាន​ព្យាយាម​ទាញ​ចង្កូតរថយន្ត​មក​ខាងឆ្វេង​វិញ ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ត​ម៉ាក CRV មួយគ្រឿង ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5173 មួយគ្រឿង បណ្តាលអោយ​ខូចខាត​ចំហៀង​ខាង​ខាត​ស្តាំ និង​ដាច់​កង់​ក្រោយ ធ្លាក់​កាង​ខាងមុខ ទើប​រថយន្ដ​បង្ក អស់​ល្បឿន​ទៅមុខ​លែងរួច​។

​បន្ទាប់ពី​បង្កហេតុ ស្ត្រី​ជនជាតិ​កូរ៉េ បើកបរ​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​។ រីឯ​រថយន្ត​បង្ក ព្រមទាំង​ម៉ូតូ និង​រថយន្ត CRV ត្រូវបាន​នគរបាល បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាមច្បាប់​។ សព​ជនរង​គ្រោះ ត្រូវបាន​ក្រុមគ្រួសារ នាំយកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕







Previous Post Next Post