រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ដែលត្រូវជាគូរដណ្តឹងនឹងគ្នាត្រូវបានប្រទះឃើញដេកស្លា.ប់ទាំងអាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះជួលលេខ A306 ជាន់ទី៣ នៃអគារបន្ទប់ជួលយីហោ ផ្កាម្លិះ ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៥ និង៤០នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
ជនរងគ្រោះ ជាគូរដណ្ដឹងនឹងគ្នាទាំង២នាក់ មានឈ្មោះ ភោគ ជីវា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរពេទ្យធ្មេញ ។ ចំណែកនារីឈ្មោះ ភន បូរី ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ។ ទាំង២នាក់ មានស្រុកកំណើតនៅភូមិពោធិ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ អ្នកទាំង២ បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែ១១ ឆ្នាំ២០២០ ហើយត្រូវចូលរោងការជាមួយគ្នានៅខែមេសា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាជម្ងឺកូវីដក៏ផ្អាកមង្គលការសិន ។ តាំងពីភ្ជាប់ពាក្យជាមួយគ្នាមក គឺពួកគេឡើងមកភ្នំពេញ ហើយស្នាក់នៅបន្ទប់ជួលតែ២នាក់មករហូត ។
តាមប្រភពព័ត៌មាន ពីស្ត្រីជាម្តាយបង្កើតរបស់នារីរងគ្រោះបានប្រាប់អោយដឹងថា ៖ នៅវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១៩ ខែឆ្នាំខាងលើ នារីជាកូនប្រាប់ខលទូរស័ព្ទទៅប្រាប់ម្តាយថា ខ្លួន និងគូដណ្តឹងចេះតែមានអាការៈក្អួតចង្អោររហូតពិបាកក្នុងខ្លួនណាស់ ព្រោះតែកាលពីយប់មិញបានហូបស្រា ។
ក្រោយប្រាប់រួច ស្ត្រីជាម្តាយបានណែនាំអោយព្រឹកឡើងកូនទាំង២ស្រូតទៅពេទ្យ ដើម្បីពិនិត្យសុខភាពទៅ ។ លុះដល់វេលាម៉ោង៨ព្រឹកឡើង ស្ត្រីជាម្តាយបានខលទូរស័ព្ទទៅទាំងកូនស្រី និងអនាគតកូនប្រសារចូល តែគ្មានអ្នកទទួលសោះ ។
ដោយមានការសង្ស័យខ្លាចកូនៗកើតអ្វីនោះ ស្ត្រីជាម្តាយបានចេញពីស្រុកកំណើតឡើងមកភ្នំពេញ ដើម្បីជួបកូន ។ ស្ត្រីជាម្តាយ បន្តថា ពេលទៅដល់បន្ទប់ជួលហើយនោះ គាត់ក៏រុញទ្វារស្រាប់តែទ្វារមិនមានចាក់សោរឡើយ ក៏ចូលទៅខាងក្នុងស្រាប់តែប្រទះឃើញកូនទាំង២នាក់ បានដេកស្លា.ប់នៅក្បែរគ្នា ទាំងបែកពពុះមាត់ និងអាក្រាតកាយផងដែរ ។
បន្ទាប់ពីកើតមានរឿងហេតុបែបនេះហើយនោះ ស្ត្រីជាម្តាយ បានស្រែកឆោរឡោរហៅម្ចាស់បន្ទប់ជួល អោយជួយអន្តរាគមន៍ ។ ភ្លាមនោះ ម្ចាស់បន្ទប់ជួល បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះអន្តរាគមន៍ពិនិត្យ ។
ក្រោយការទទួលបានព័ត៌មាន នគរបាលមូលដ្ឋាន រួមជាមួយនគរបាលជំនាញកោសលវិច្ច័យ បានចុះដល់ទីតាំងកើតហេតុ ប៉ុន្តែមិនទាន់ធ្វើការពិនិត្យឡើយ រង់ចាំទំនាក់ទំនងក្រុមគ្រូពេទ្យ ដើម្បីធ្វើតេស្តិ៍សំណាកលើសពរកមេរោគកូវីដ១៩ជាមុនសិន ។
លុះក្រោយមក លទ្ធិផលសំណាកបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ទើបក្រុមសមត្ថកិច្ចជំនាញចូលទៅបន្ទប់កើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យតែម្តង ។
ប្រភពមន្ត្រីសមត្ថកិច្ច អោយដឹងថា នៅពេលចូលដល់បន្ទប់កើតហេតុ បានពិនិត្យឃើញថា ជុំវិញសព មានការលាយស្រាក្រឡុក ដោយមានស្រាស ដបទឹកក្រូចមួយចំនួន និងក្រូចឆ្មាផងដែរ ។ គិតត្រឹមវេលាម៉ោង១៨ល្ងាចថ្ងៃខែដដែល សមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់ អំពីការស្លា.ប់របស់ គូដណ្តឹងប្រុសស្រីទាំង២នាក់បាននៅឡើយទេ ថា តើពួកគេស្លាប់ដោយសារការពុលចំណី ឬពុលស្រា ឬក៏ជាករណីឃាតកម្ម ខណៈកំពុងធ្វើកោសល្យពិនិត្យយ៉ាងល្អន់ល្អន់នៅក្នុងបន្ទប់កើតហេតុ ។
ជុំវិញករណីនេះ ស្ត្រីជាម្តាយ បានត្រឹមអង្គុយយំទួញសោកជាខ្លាំង ចំពោះមរណៈភាពរបស់កូនស្រីបង្កើត និងអនាគតកូនប្រសារប្រុស ៕





